សាកលវិទ្យាល័យស្វាយរៀង ជាសាកលវិទ្យាល័យមួយក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេសកម្ពុជា។ សាកលវិទ្យាល័យស្វាយរៀងត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង លើកកម្ពស់ការអភិវឌ្ឍន៍ និងការដឹកនាំតាមខេត្តនៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីសិក្សាដែលមានការទទួលស្គាល់ដោយថ្នាក់ជាតិ និងអន្តរជាតិ។ សាកលវិទ្យាល័យស្វាយរៀងផ្តល់ជូនសិស្សនិស្សិតនូវការអប់រំដែលមានគុណភាពខ្ពស់ និងការអភិវឌ្ឍធនធានមនុស្សដ៏ប្រសើរមួយ ជូនដល់និស្សិតគ្រប់តំបន់នូវការសិក្សាដែលមានគុណភាពដូចគ្នារវាងនិស្សិតក្នុងទីក្រុង និងជនបទ។
សាកលវិទ្យាល័យស្វាយរៀងបានទទួលវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំដោយគណៈ កម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ក្នុងការផ្តល់នូវសេវាអប់រំថ្នាក់មូលដ្ឋាន ហើយក្រសួងអប់រំ យុវជន និងកីឡាបានចុះពិនិត្យវាយតម្លៃគុណភាពអប់រំជាប្រចាំផងដែរ។ សាកលវិទ្យាល័យស្វាយរៀងមានបុគ្គលិកសរុបចំនួន ២០០នាក់ និង និស្សិតជាង ៦០០០នាក់ដែលបានបញ្ចប់ការសិក្សា និងជាង ៤០០០នាក់ទៀតកំពុងសិក្សាក្នុងកម្មវិធីសិក្សាផ្សេងៗក្នុងសាកលវិទ្យាល័យ។ សាកលវិទ្យាល័យស្វាយរៀងមានមហាវិទ្យាល័យចំនួន ៥ធំៗរួមដូចជា (១) មហាវិទ្យា ល័យសិល្បៈ មនុស្សសាស្រ្តនិងភាសាបរទេស (២) មហាវិទ្យាល័យពាណិជ្ជសាស្រ្ត (៣) មហាវិទ្យាល័យកសិកម្ម (៤) មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា (៥) មហាវិទ្យាល័យវិទ្យា សាស្ត្រសង្គម។
សាកលវិទ្យាល័យស្វាយរៀងមានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ ឧស្សាហកម្ម និងអង្គការផ្សេងៗទៀតផងដែរ នៅក្នុងប្រទេស។ ចំណែកទំនាក់ទំនងក្រៅប្រទេសវិញ សាកលវិទ្យាល័យស្វាយរៀងបានចាប់ដៃគូសហការជាមួយសាកលវិទ្យាល័យក្នុងប្រទេសចិន អ៊ឺរ៉ុប និង បណ្តាប្រទេសក្នុងទ្វីបអាស៊ីផ្សេងៗទៀត។ កិច្ចសហប្រតិបត្តិការនេះបានអនុញ្ញាតិអោយបុគ្គលិក និស្សិត មានឱកាសសិក្សានៅក្រៅប្រទស ដែលក្នុងនោះគួរបញ្ជាក់ផងដែរថាបុគ្គលិកក្នុងសាកលវិទ្យាល័យស្វាយរៀងបានសិក្សានៅប្រទេសអូស្ត្រាលី រ៉ូម៉ានី និង វៀតណាម ខណៈពេលដែលនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀងកំពុងតែបន្តការសិក្សានៅប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងទ្វីបអ៊ឺរ៉ុប និងអាស៊ី។